,

សន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ រយៈពេល៥ឆ្នាំ (២០១៧-២០២២)

NSM-SPV Avatar

សន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ រយៈពេល៥ឆ្នាំ (២០១៧-២០២២) និងគោលនយោបាយអភិវឌ្ឍន៍បន្តរយៈពេល៥ឆ្នាំ (២០២២-២០២៧) របស់គណៈកម្មាធិការគណបក្សឃុំព្រៃស្លឹក

—-

រសៀលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២៖០០ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានប្រារព្ធសន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ រយៈពេល៥ឆ្នាំ (២០១៧-២០២២) និងគោលនយោបាយអភិវឌ្ឍន៍បន្តរយៈពេល៥ឆ្នាំ (២០២២-២០២៧) ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពី

ឯកឧត្តម ហែម សារេត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តតាកែវ លោក ឈួន ផាន់នី ប្រធានគណៈកម្មាធិការគណបក្សស្រុកទ្រាំង លោក សាន ខុន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកទ្រាំង លោក ហេង សុគន្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃស្លឹក លោក ព្រំ ឆាត លោក ពៅ ប៉ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុកទ្រាំង លោក ព្រហ្ម ណែត ប្រធានគណៈកម្មាធិការគណបក្សឃុំព្រៃស្លឹក និងឯកឧត្តម លោក លោកស្រី នាងកញ្ញា អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃស្លឹក គណៈកម្មាធិការគណបក្សឃុំព្រៃស្លឹក សាខាបក្សចំណុះគណៈកម្មាធិការគណបក្សឃុំ និងយុវជន សរុបចំនួន ១០០នាក់។

ក្នុងអង្គសន្និបាត ឯកឧត្តម សុខ ពុទ្ធិវុធ បានមានមតិសំណេះសំណាលនិងកោតសរសេីរខ្ពស់ដល់គណបក្សឃុំព្រៃស្លឹក ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីនយោបាយ និងចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍឃុំ ក៏ដូចជាការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។ ជាពិសេស ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង។​

ឆ្លៀតក្នុងឱកាសនេះ​ ឯកឧត្ដម​ ក៏បានបញ្ជាក់ជូនអង្គសន្និបាតផងដែរថា​ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០​ ដែលបានបង្ការទប់ស្កាត់ជំងឺកូវីដ-១៩​ បានល្អប្រសើរ និងបានបើកប្រទេសឱ្យដំណើរការជាប្រក្រតី ដែលប្រជាជនអាចធ្វើដំណើរ និងប្រកបអាជីវកម្មឡើងវិញ ព្រមទាំងមានវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះបានទាន់ពេលវេលា។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាយើងទេដែលតែងតែនៅជាប់រួមសុខរួមទុក្ខជាមួយប្រជជនយើងជានិច្ច។ ហេតុនេះ យើងត្រូវខិតខំផ្សព្វផ្សាយអំពើល្អរបស់គណបក្សយើងដល់ប្រជាពលរដ្ឋយើងទូទាំងឃុំ។

ឯកឧត្ដម​ ក៏បានផ្ដាំផ្ញេីណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំព្រៃស្លឹក ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែងទាំងអស់ រួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមប្រៀបឈ្នះជាដាច់ខាតជូនគណបក្សប្រជាជនកម្ពុជា ជាពិសេស ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង នៅតែបន្តឈ្នះនិងឈានមុខ​ ដោយត្រូវធ្វេីសកម្មភាពឱ្យសកម្មផុសផុលបំផុត និងត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព និងឯកភាពគ្នា ព្រមទាំងត្រូវពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យបានល្អរវាងបេក្ខជនជាមួយសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែង ដើម្បីរួមគ្នាធ្វើសកម្មភាពរកសំឡេងឆ្នោតជូនគណបក្សឱ្យកាន់តែច្រើនបន្ថែមទៀត ធៀបនឹងលទ្ធផលអាណត្តិចាស់​ ជាពិសេសចុះជាប់ដល់មូលដ្ឋានភូមិ​ និងខ្នងផ្ទះប្រជាពលរដ្ឋដេីម្បីស្វែងយល់ពីសុខទុក្ខ​ ដោះស្រាយសំណេី​ សំណូមពរ​ ទុក្ខកង្វល់ទាំងឡាយដេីម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋ​ ហេីយគ្រប់ភាគីទាំងអស់ត្រូវគាំទ្រដល់បេក្ខជនឈរឈ្មោះបោះឆ្នោត និងត្រូវរួមគ្នាចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ២០២២-២០២៧​ ដើម្បីបង្កើតបានសមិទ្ធផលថ្មីៗថែមទៀតលើគ្រប់វិស័យនៅក្នុងឃុំ។

អង្គសន្និបាតបានបញ្ចប់នៅវេលាម៉ោង៤៖០០នាទី ប្រកបដោយបរិយាកាសរីករាយ។

spv Avatar
អំពី Profile

Puthyvuth Sok

សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

Latest posts